កំពង់ស្ពឺៈ បុរសម្នាក់មានជម្ងឺប្រចាំកាយ និងវង្វេងជាញឹកញាប់ ហើយបានរត់ចេញពីផ្ទះបាត់អស់ជាច្រើនថ្ងៃ ទើបមានប្រជាពលរដ្ឋប្រទះឃើញសពបុរសនោះអណ្តែតទឹកស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុច ស្រះទឹក ខាងជើងរោងស្នាក់នៅរបស់កម្មករកាប់អំពៅ ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ នៅ ណឹម ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ ។
មុនពេលកើតហេតុ ជនរងគ្រោះបានទាស់ពាក្យសម្តីជាមួយប្រពន្ធ រួចចេញពីផ្ទះបាត់ តាំងពីយប់ម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ហើយបងប្អូនខាងប្រពន្ធកូននាំគ្នាដើរក តែរកមិនឃើញ លុះមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ស្រាប់តែមានប្រជាពលរដ្ឋមករាយការណ៍ថា បានឃើញមានសាកសព អណ្ដែតនៅក្នុងស្រះទឹកចំណុចខាងលើតែម្តង។
ក្រោយពីជំនាញបច្ចេកទេសពិនិត្យចប់សព្វគ្រប់ទៅលើសព រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់