ព័ត៌មានជាតិ

មេកន្ទុយលេខឈប់បារម្ភទៀតទៅ! ជាប់គុក តែ១៥ថ្ងៃទេ បានចេញទៅរកស៊ីវិញហើយ..

ភ្នំពេញៈ ជាផ្នែកមួយដើម្បីចូលរួម អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្នុងនោះ មានការបង្ក្រាប និងលុបបំបាត់ ល្បែងស៊ីសងផងនោះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងលោក ឡុង ជាប ជាតំណាងអយ្យការ បានបើកសវនាការ កាត់ទោស ស្ត្រីជាមេឆ្នោតវៀតណាម២នាក់ ដោយផ្តន្ទាទោសឲ្យអនុវត្តក្នុងគុកត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ។

ក្រោយសាកសួរដេញដោល ប្រមាណ២០នាទី បន្ទាប់ពីបានពិភាក្សាជាមួយលោក ឡុង ជាប រួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ទី១ឈ្មោះ កែវ ដូងច័ន្ទ ភេទស្រី អាយុ ២០ឆ្នាំ និងទី២ឈ្មោះ លី ស្រីម៉ាច ភេទស្រី អាយុ ៤០ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ក្នុងម្នាក់ៗ ១ឆ្នាំ ប៉ុន្តែអនុវត្តតែ ១៥បានហើយ ដោយគិតពីថ្ងៃឃុំខ្លួនទី៥ ខែមករា ដល់ថ្ងៃប្រកាសសាលក្រម ទី១៩ ខែមករា ឆ្នាំ២០១៨នេះ។

សាលក្រមក៏បានដាក់ពិន័យជនជាប់ចោទ ក្នុងម្នាក់ៗ ជាប្រាក់ ៤លានរៀលចូលជាថវិការដ្ឋផងដែរ ដោយយោងតាមមាត្រា ៥នៃ ច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

នៅក្នុងសវនាការជនជាប់ចោទទាំង២នាក់ បានសារភាព និងទទួលស្គាល់ថា ពិតជាបានជួលផ្ទះគេ រកស៊ីកត់ឆ្នោតវៀតណាម អស់រយៈពេលជិត១ឆ្នាំមែន។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ត្រូវបាន សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ ៧២ និង៧៦ ផ្លូូវ១២៨ ក្រុម២០ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ឡុុង ជាប ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានដោះលែង មេបនល្បែងចាក់បាល់តាមអ៉ីនធឺណេត ម្នាក់ និងបក្ខពួក ៣នាក់ទៀត ដែលសមត្ថកិច្ចខណ្ឌទួលគោកចាប់បញ្ជូនទៅឲ្យលោកចាត់ការបន្តតាមច្បាប់ផងដែរ នេះហើយជាសកម្មភាពចូលរួមលប់បំបាត់ល្បែងស៊ីសង និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕

https://youtu.be/15Tu5YPcobo

មតិយោបល់