ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនមីមួយគ្រុប ជិះម៉ូតូទៅផ្ទះ ត្រូវក្រុមចោរ វាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ក្នុងខណ្ឌ៧មករា!

ភ្នំពេញៈ បុរស២បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយគីឡែត ចេញពីមុខណាហ្គា ដើម្បីត្រឡប់ទៅវិញ ដល់មុខវត្តមហាមន្ត្រី ស្រាប់តែលេចជនសង្ស័យ១ក្រុម មានគ្នាប្រហែលជា១០នាក់ ជិះម៉ូតូជាច្រើនគ្រឿងមកវាយប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចមុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះមានឈ្មោះ ទី រ៉ានី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើនៅក្រុមហ៊ុនមីមួយគ្រុប ស្នាក់នៅផ្លូវហានណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយគីឡែត ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GM-9965 បានជិះចេញពីណាហ្គាដើម្បីឆ្ពោះទៅផ្ទះនៅខណ្ឌសែនសុខ ដោយបើកតាមបណ្ដោយផ្លូវព្រះសីហនុ ពីកើតទៅលិច ខណៈមិនទាន់ដល់ផ្ទះផងនោះ ស្រាប់តែលេចជនសង្ស័យប្រហែល១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះមកពីក្រោយបានធ្វើសកម្មភាពកៀរនិងធាក់ឲ្យដួល ព្រួតវាយគាត់ឲ្យរងរបួស ដោយរូបគាត់ភ័យពេក ដោយឃើញក្រុមចោរប្លន់ទាំងនោះមានគ្នាច្រើន ក៏រត់យករួចខ្លួនសិន ឃើញឱកាសល្អក្រុមជនសង្ស័យទាំងនោះបានលើម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍វាលវង់ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវឈានទៅដល់ការកំណត់មុខសញ្ញាដើម្បីចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់​៕

មតិយោបល់