ភ្នំពេញៈ សមាជិកក្រុមប្រឹក្សារាជធានីបានស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកដីនិងខ្សាច់ចូលក្រុង ដោយសាររថយន្តទាំងនេះមិនត្រឹមតែកកស្ទះចរាចរប៉ុណ្ណោះទេ តែវាបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរថែមទៀត។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥របស់សមាជិកក្រុមប្រឹក្សារាជធានីកាលពីព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៦នៅសាលារាជាធានីភ្នំពេញបានលើកឡើងថា នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មានការកកស្ទះចរាចររាល់ថ្ងៃ ទន្ទឹមនិងការកកស្ទះចរាចរនេះ មួយចំណេកណានោះ ក៏បណ្តាលមកពីរថយន្តធំចូលក្រុងផងដែរ ពិសេសរថយន្តដឹកដីនិងរថយន្តដឹកខ្សាច់។
ចំពោះរថយន្តដឹកថ្ម ដី ខ្សាច់នេះវាមិនត្រឹមតែធ្វើឲ្យកកស្ទះចរាចរប៉ុណ្ណោះទេ តែវាបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និងបរិស្ថានយ៉ាងធ្ងន់ធ្ងរថែមទៀត ដោយសាររថយន្តទាំងនោះមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដូចជាមិនគ្របបិទឲ្យជិតធ្វើឲ្យជ្រុះដីមកលើទ្រូងផ្លូវ បង្កការហុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ។
ដូច្នេះហើយសមាជិកក្រុមប្រឹក្សាសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញត្រូវតែពង្រឹងភាពម៉ឹងមាត់ចំពោះរថយន្តទាំងនេះបន្ថែមទៀត មិនត្រូវបណ្តែតបណ្តោយដូចរាល់ថ្ងៃនេះទៀតទេ។
ក្រៅពីការលើកឡើងខាងលើ សមាជិកក្រុមប្រឹក្សារាជធានីរាជធានីក្នុងកិច្ចប្រជុំនោះក៏បានស្នើឲ្យអាជ្ញាធររាជធានីពង្រឹងលើការងារសំណង់ក្នុងរាជធានីភ្នំពេញផងដែរ ដោយជម្រុញឲ្យអាជ្ញាធរ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសំណង់ទាំងអស់អនុវត្តការងារឲ្យស្របទៅតាមប្លង់គោលរបស់រាជធានី ដោយមិនត្រូវឲ្យមានការសាងសង់អគារ រំលោភយកចិញ្ចើមផ្លូវ និងការកសាងអគារខ្ពស់នៅជាប់ដងផ្លូវដែលបង្កឲ្យមានហានិភ័យខ្ពស់ចំពោះប្រជាពលរដ្ឋជាអ្នកដំណើរ ដូចជាបង្កឲ្យមានដុំថ្ម ឬវត្ថុរឹងផ្សេងៗធ្លាក់មកត្រូវប្រជាពលរដ្ឋជាដើម៕
មតិយោបល់