ព័ត៌មានជាតិ

បើកគេចពីគេ ជ្រុលធ្លាក់ចូលប្រឡាយខ្លួនឯង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសជាជនជាតិចិនម្នាក់ បើករថយន្តគេចរថយន្ត១គ្រឿងទៀត រេចង្កូតជ្រុលធ្លាក់ចូលប្រឡាយទឹក តែសំណាងល្អមិនមានអ្នករងរបួសឡើយ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកបើករថយន្តឈ្មោះ សឹង ជីង អាយុ៥៥ឆ្នាំ មុខរបរ ធ្វើរោចក្រកាត់ដេរសម្លៀកបំពាក់ ជាជនជាតិចិន ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រខណ្ឌដង្កោ។
តាមសម្តីបុរសជនជាតិចិន ប្រាប់តាមរយ:អ្នកបកប្រែបានឲ្យដឹងថា មុនកើតពេលហេតុ គាត់បានបើករថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2B-6786 ទៅរោងចក្រនៅសង្កាត់ក្រាំងពង្រ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ១គ្រឿង មិនចាំម៉ាកបានបើកមកជែង ពេលនោះគាត់បានព្យាយាមបើកគេច ក៏ជ្រុលធ្លាក់ប្រឡាយទឹកតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងឲ្យម្ចាស់រករថយន្តមកស្ទូចយកចេញដោយខ្លួនឯង៕

មតិយោបល់