កណ្តាលៈ បុរសម្នាក់យកម៉ូទ័រដើម្បីបូមទឹកដាក់អាងនិងពាងប្រើប្រាស់ ក៏ត្រូវចរន្តអគ្គិសនីនៃម៉ូតូបូមទឹក ឆក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ អ៊ូ ង៉ើត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ហេង ថោ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។
មុនពេលកើតហេតុ ជនរងគ្រោះ បានយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ហើយបានប្រាប់ថា យកម៉ូទ័រដើម្បីបូមទឹកដាក់អាងនិងពាង នៅឯក្រោយផ្ទះដូចថ្ងៃធម្មតាដែរ។ ចំណែកប្រពន្ធនៅបោសសំអាតផ្ទះ បានបន្តិចក្រោយមកស្រាប់តែឮ សំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ពេលទៅដល់ឃើញជនរងគ្រោះ ដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ ឃើញដូចនេះឈ្មោះ ហេង ថោ បានយកឈើឬស្សីមកផ្ទាត់ខ្សែភ្លើងចេញ ហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ តែជនរងគ្រោះបានស្លាប់បាត់ជីវិតទៅហើយ។
បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ពិនិត្យឃើញថា ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែក ម្រាមដៃខាងស្តាំ មួយកន្លែងក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់