ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា បង្ហូរទឹកភ្នែកលើឆាក

ភ្នំពេញៈ ខណៈដែលមនុស្សភាគច្រើនផ្ដោតការចាប់អារម្មណ៍ចំពោះ ពេជ្រ សោភា បន្ទាប់ពីមានឱកាសក្លាយជាតំណាងរបស់ Oppo ផលិតផលទូរស័ព្ទដ៏ល្បីល្បាញលំដាប់ពិភពលោក តារាចម្រៀងរូបនេះបែរជាបានកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រឲ្យរន្ធត់ចិត្តចង់ស្រក់ទឹកភ្នែកតាមនាង នៅក្នុងកម្មវិធី«ស៊ីអារម្មណ៍»របស់ទូរទស្សន៍PNN កាលពីយប់ថ្ងៃទី២២ សីហា ព្រោះតែការរំលឹកពីការបាត់បង់ឪពុក។

ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករលោក ប៉ែន ចំរុង តារាចម្រៀងហង្សមាសរូបនេះបានបង្ហាញពីជោគជ័យ និងឧបសគ្គជាច្រើនដែលបានកើតឡើង ក្រោយពីនាងធ្លាក់ខ្លួនកំព្រាឪពុក។ នាងថានៅពេលនាងឈឺ នៅពេលហត់ហើយគ្មានឪពុកនៅក្បែរ គឺជីវិតរបស់នាងមិនខុសពីមនុស្សអស់សង្ឃឹមនោះទេ។ និយាយដល់ចំណុចនេះ ពេជ្រ សោភា ត្រូវគេឃើញបង្ហូរទឹកភ្នែក និងទ្រហោយំតែម្ដង ដែលទឹកភ្នែករបស់នាងមិនមែនជាការសម្ដែងដូចអ្វីដែលមហាជនធ្លាប់ឃើញនោះទេ តែជាការស្ដែង ចេញពីចិត្ត និងបេះដូង ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកគាំទ្រនាងដល់ថ្នាក់រំជួលចិត្ត។

នេះជាលើកទី១ដែលនាងបង្ហាញអារម្មណ៍ក្ដុកក្ដួលជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ ពាក់ព័ន្ធនឹងឪពុក ខណៈដែលនាងបានប្រកាសថាខំបំភ្លេចនូវការបាត់បង់ឪពុកដ៏សំខាន់នៅក្នុងជីវិតរបស់ខ្លួន បន្ទាប់ពីនាងមានជំងឺប្រចាំកាយធ្វើទុក្ខ។ ពេជ្រ សោភា និយាយថាឲ្យតែនឹកដល់ឪពុក គឺ ទប់ទឹកភ្នែកទប់មិនជាប់នោះទេ ហើយនាងក៏យល់ស្របថាផ្លូវចិត្តរបស់ខ្លួននៅតែដក់ជាប់អារម្មណ៍ ស្មុគស្មាញ ព្រោះតែការបាត់បង់ភាពកក់ក្ដៅនោះដែរ។

នាងបានទម្លាយឲ្យដឹងពីជម្ងឺប្រចាំកាយ តែថាជំងឺនោះមិនធ្ងន់ដូចផ្លូវចិត្តក្រោយពេលដែលនាងបាត់បង់ឪពុកដែលជាកម្លាំងចិត្តដ៏ធំនោះទេ។ ជាមួយនឹងការបង្ហូរទឹកភ្នែក នាងក៏បានសម្ដែងនូវមោទនភាពនូវអ្វីដែលនាងប្រឹងប្រែង រហូតទទួលបាននូវភាពជោគជ័យក្នុងវិស័យចម្រៀង។ នាងបានប្រកាសថាសុខចិត្តស្លាប់ជាមួយសិល្បៈ ដោយមិនឈប់កណ្ដាលទីក្នុងពេលដែលចិត្តរបស់នាងនៅស្រឡាញ់នោះទេ។ នាងនិយាយថា«ខ្ញុំពិតជាស្រឡាញ់វិស័យសិល្បៈខ្លាំងណាស់ ហើយបើទោះបីជាខ្ញុំច្រៀងចម្រៀងមួយបទចុងក្រោយ ហើយត្រូវស្លាប់នៅលើឆាកក៏ខ្ញុំអស់ចិត្តដែរ»។ នេះជាសម្តីដែលនាងបានថ្លែងក្នុងកម្មវិធី«ស៊ីអារម្មណ៍» ដែលជាកម្មវិធីចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ នៅម៉ោង៨ និង៣០នាទីយប់ ខណៈដែល Show របស់នាងត្រូវគេប្រកាសថាមានវគ្គទី២នៅសប្ដាហ៍ក្រោយទៀត គឺខុសពីតារាកិត្តិយសផ្សេងៗ ដោយសារតែមានរឿងរ៉ាវជាច្រើនទៀតសុំឲ្យនាងបកស្រាយ។

អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធីបានប្រាប់ផុសញូថា «មុនពេលសម្ភាសន៍ក្នុងកម្មវិធី អ្នកនាងពេជ្រសោភា បាននិយាយរបៀបលេងសើចថា កម្មវិធីមិនអាចស៊ីអារម្មណ៍ឲ្យនាងប្រែប្រួលអារម្មណ៍ដ៏រួសរាយ និងស្រស់ស្រាយរបស់នាងបានទេ តែទីបំផុតអ្នកនាងពេជ្រ សោភា បែរជាស្រក់ទឹកភ្នែកដោយគ្មានអ្នកជំរុញ ដោយគ្រាន់តែមានសំណួរខ្លីមួយពាក់ព័ន្ធនឹងជីវិតឯកជនរបស់អ្នកនាង ជាពិសេសគឺការបាត់បង់ឪពុក»។ អ្នកនាងថាវត្តមានរបស់ពេជ្រ សោភា មិនធ្វើឲ្យកម្មវិធីអាសារបង់នោះទេ ហើយកម្មវិធីក៏ចាត់ទុកថាតារាចម្រៀងហង្សមាសរូបនេះ ធ្វើឲ្យអ្នកទស្សនារំជួលចិត្តនឹងការបង្ហូរទឹកភ្នែករបស់ ពេជ្រ សោភា នាយប់នោះផងដែរ៕

photo_2016-08-22_22-53-07photo_2016-08-22_22-53-11photo_2016-08-22_22-53-14photo_2016-08-22_22-53-17photo_2016-08-22_22-53-21photo_2016-08-22_22-53-25photo_2016-08-22_22-53-28photo_2016-08-22_22-53-31

មតិយោបល់