យោងតាមការចាក់ផ្សាយរបស់កញ្ចក់ទូរទស្សន៍អប្សរា កម្មវិធីប្រឡងចម្រៀង”ចង់ក្លាយជាតារា” ដែលបានចំណាយពេលប្រមាណ៩ខែ បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយបេក្ខជនដុង សូ ដែលមានសំលេងមិនធម្មតា មកពីខេត្តក្រចេះជាអ្នកកាន់ពាន។ នេះជាលទ្ធផលមួយ ដែលធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនា។
ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បានរៀបចំឡើងក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាក្រោមវត្តមានគណៈកម្មាការលោកគ្រូអ្នកគ្រូបង្វឹកនិងថ្នាក់ដឹកនាំប្រចាំស្ថានីយ៍ទូរទស្សន៍អប្សរា ដោយមានអ្នកគាំទ្របេក្ខជនបេក្ខនារីកុះករចូលរួមគាំទ្រ។
ជាលទ្ឋផលចំណាត់ថ្នាក់លេខ១បានទៅលើបេក្ខជន ដុង សូ មកពីខេត្តក្រចេះ លេខ២ បានទៅលើឈ្មោះ ប៊ុន បុស្បា មកពីខេត្តតាកែវ លេខ៣បានទៅលើបេក្ខជនសឿន ខិនច័ន្ទតារា មកពីខេត្តស្វាយរៀង។ ក្នុងនោះក៏មានចំណាត់ថ្នាក់កិត្តិយសផងដែរ ដោយបានទៅលើបេក្ខជន ឈន ប៊ុនណាត បេក្ខជនរិន ឆាន្នី និងបេក្ខនារីឡុង សុជាតា។
លោក នូ សុផេន អ្នករៀបចំកម្មវិធីប្រឡងចម្រៀង”ចង់ក្លាយជាតារា”បានអោយដឹងថា ម្ចាស់ជ័យលាភីដែលទើបរកឃើញនេះ នឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំស្ថានីយ៍ទូរទស្សន៍អប្សរារយៈពេល២ឆ្នាំ ដោយម្នាក់ៗក៏មានកម្មវិធីសម្តែងតាមខេត្តក្រុងជាច្រើនតាមគម្រោងក្រោមការចាត់ចែងរបស់លោកផងដែរ។ តារាទាំងអស់ក៏ស្ថិតក្នុងគម្រោងត្រូវច្រៀងអោយផលិតចម្រៀង ដែលនិយាយពីបរិស្ថាន និងចម្រៀងដ៍ពិរោះជាច្រើនទៀតផងដែរ។ លោកថាទូរទស្សន៍អប្សរាយើងនឹងបន្តកម្មវិធីនេះ នៅរដូវកាលទី២បន្តទៀត ដើម្បីលើកស្ទួយវប្បធម៌សិល្បៈខ្មែរក៏ដូចជាដើម្បីឆ្លើយតបនឹងការស្រឡាញ់វិស័យសិល្បៈរបស់ប្អូនៗជំនាន់ក្រោយ។ លោកថាជ័យលាភីដែលទើបរកឃើញ នឹងមានកេរ្តិ៍ឈ្មោះបោះសំលេង តែលោកមិនទាន់ច្បាស់ម្នាក់ៗនឹងក្លាយជាតារាល្បីកម្រិតណាឡើយ៕
មតិយោបល់