ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យយកខ្សែក្រវ៉ាតរឹតកយកម៉ូតូម៉ាកឌ្រីមជិះគេចខ្លួនបាត់ដោយសុវត្ថភាព។ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្រោយភោជនីយដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនអូស៊ីអាយស៊ីក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ តុ វុធធាន អាយុ៤៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានទីលំនៅអចិន្ត្រៃយ៍ភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែងមានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ចំណែកម៉ូតូដែលជនសង្ស័យរឹតកយកទៅនោះម៉ាកឌ្រីសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង1l 2682។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានឲ្យជនរងគ្រោះឌុបពីម្តុំក្លឹបអិចធូក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកដល់កន្លែងកើតហេតុខាងលើហើយធ្វើសកម្មភាពយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះយកម៉ូតូបានសម្រេចតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារដើម្បីឲ្យនគរបាលជួយអន្តរាគមន៍និងកំណត់មុខសញ្ញាជនសង្ស័យ៕
មតិយោបល់