ព័ត៌មានជាតិ

រថយន្តបត់មិនប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូមួយគ្រឿង រងរបួសធ្ងន់មនុស្ស២នាក់

តាកែវ: នៅថ្ងៃអាទិត្យ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅត្រង់ចំណុចលើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកស៊ាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ តាកែវ ២A-៣០៧៩ (អ្នកបើកបររត់គេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង លុះមកដល់ចំណុចខាងលើ ក៏បានបត់ឆ្វេង ពេលកំពុងបត់ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DG-៩៣៦១ បានបុកពីក្រោយ បើកបរដោយឈ្មោះ ចេង ជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ កំណប់ ឃុំ ដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត (រងរបួសធ្ងន់) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ វ័ន្ត ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ (រងរបួសធ្ងន់) ។

មូលហេតុ៖ នៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តបត់ឆ្វេង មិនប្រុងប្រយ័ត្ន បណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានទៅដល់ រួចកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។ រីឯវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់