ព័ត៌មានជាតិ

រ៉ឺម៉កដឹកបន្លែ ពន្លះរថយន្តស៊ិនទ្រី ពេញទំហឹង របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលរថយន្តស៊ិនទ្រីដឹកសំរាម បត់ឆ្លងផ្លូវត្រឡប់ក្រោយ ស្រាប់តែមានបុរស២នាក់បើករ៉ឺម៉កដឹកបន្លែក្នុងល្បឿនលឿន បុកចំកង់រថយន្ត បោកក្បាលបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទល់មុខ មជ្ឈមណ្ឌលម៉ូឌែន២ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី ហើយក៏បានបត់ត្រឡប់ក្រោយ បត់មិនផុតក៏ដាក់លេខរយ៉ែថយក្រោយ ស្រាប់តែមានបុរស២នាក់បើករ៉ឺម៉កដឹកបន្លែត្រសក់ បើកក្នុងល្បឿនលឿនក៏បានរ៉េចង្កូតទៅបុករថយន្តស៊ិនទ្រីពេញទំហឹង ចំកង់ផ្នែកខាងក្រោយខាងឆ្វេងរថយន្តស៊ិនទ្រីបណ្តាលឲ្យបុរសដែលជាអ្នកបើកនោះបោកក្បាលនឹងរថយន្តរងរបួសធ្ងន់រីឯអ្នកជិះពីក្រោយបាក់ដៃបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់