ព័ត៌មានជាតិ

សែនរីករាយ ទៀតហើយ! ផឹកអស់មួយកេស គិតលុយអស់១៩០ដុល្លារ!..

ភ្នំពេញ: បុរស៤នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោសែនរីករាយ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយហៅបៀរមកផឹកចំនួន១កេស ខណ:ផឹកចប់ស្រាប់តែគិតលុយអស់ចំនួន១៩០ដុល្លារ ទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាចំនួន៤នាក់បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅស្រាបៀរចំនួនមួយកេសផឹកស៊ីច្រៀងលេងកម្សាន្ត ខណ:ដល់ម៉ោងក៏ហៅគិតលុយ ស្រាប់តែចេញបុងមកសរុបលុយអស់ចំនួន១៩០ដុល្លារ ដោយសារតែអស់ថ្លៃពេកទើបនាំគ្នាឆោឡោឡើងថា គិតលុយលើសចំនួន និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកសួរនាំ ។

ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសួរនាំស្រាប់តែបុរសម្នាក់អះអាងថាខ្លួនជាម្ចាស់ហាង បានស្រែកគំរាមទាំងសមត្ថកិច្ចទៀតផង ។ បន្ទាប់មកជនរងគ្រោះបានសម្រួលគ្នាជាមួយនិងថៅកែហាងដោយគិតលុយត្រឹមតែ១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយជនរងគ្រោះក៏បានចេញទៅផ្ទះរាងៗខ្លួនផងដែរ។

គួរបញ្ជាក់ថាទីតាំងខាងលើតែងតែមានរឿងជាច្រើនលើកច្រើនសារមកហើយ ៕

មតិយោបល់