ភ្នំពេញៈ អស់រយៈ៣ថ្ងៃកន្លងទៅហើយដែល ពោលគឺតាំងពីថ្ងៃទី២០ ខែមករា សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ទទួលផលចោរកម្ម ប៉ុន្តែមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ តំណាងអយ្យការនៅមិនទាន់ សម្រេចចោទ ឬមិនចោទប្រកាន់ លើជនសង្ស័យនៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ
-ទី១ឈ្មោះ គង់ ចណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងជួសជុល ម៉ូតូ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី២ឈ្មោះ ខុក ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងវែង ឃុំ បឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
ស្ថិតក្រោមចំណាត់ការរបស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធករណី ទទួលផលចោរកម្ម ទិញម៉ូតូ ពីចោរ យកទៅដូរស្លាកលេខ ទុកជិះ និងលក់បន្ត។
យោងតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ផល ដាវី ភេទស្រី ស្នាក់ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអះអាងថា កាលពីវេលាទាបភ្លឺថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នាងបានបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1CM-4217។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញ ជនសង្ស័យឈ្មោះ ខុក ណាក់ ជិះម៉ូតូរបស់ខ្លួន ដោយបានដូរស្លាកលេខ ពីភ្នំពេញ1CM-4217 ទៅដាក់ស្លាកលេខភ្នំពេញ 1BJ-8428។
ក្រោយឃើញបែបនោះ ជនរងគ្រោះបានស្រែកឱ្យសមត្ថកិច្ច ជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុក ណាក់ នៅចំណុច ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាធានីភ្នំពេញ។
បន្ទាប់មកសមត្ថកិច្ចបាន ឱ្យឈ្មោះ ខុក ណាក់ នាំទៅចាប់ជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ គង់ ចណ្ណៈ នៅចំណុចភូមិព្រៃរងៀង សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅចំពោះមុខ សមត្ថកច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបានទិញម៉ូតូរបស់ជនរងគ្រោះពីឈ្មោះ ភក្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រាកដមែន។
ពួកគេឆ្លើយថា ធ្លាប់បានទិញ ម៉ូតូ ដែលឈ្មោះ ភក្តិ ដើរលួចគេបាននោះ ចំនួន ៣ដងរួចមកហើយ ប៉ុន្តែលើកនេះត្រូវសមត្ថកិច្ចចាប់បាន។
ពាក់ព័ន្ធករណីនេះ យើងមិនទាន់អាចសុំការបញ្ជាក់ពី លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ អំពីចំណាត់ការរបស់លោកស្រី សុង ឆវ័ន្ត ជាតំណាងអយ្យការ ដោយសារលោកមិនបានឆ្លើយតបនឹងសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ៕
https://youtu.be/w5vUD-m9iZg
មតិយោបល់