អចលន​ទ្រព្យ

ក្រុមហ៊ុនយីហោ Tonino Lamborghini គ្រោងវិនិយោគចម្រុះនៅ ខេត្តសៀមរាប

កាលពីម្សិលមិញនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Roberto Simone នាយកប្រតិបត្តិក្រុមហ៊ុន Tonino Lamborghini របស់ប្រទេសអ៊ីតាលី ដើម្បីស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច​ របស់ខេត្តសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររដ្ឋបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន​ខេត្តសៀមរាប ដែលពឹងផ្អែកលើសេដ្ឋកិច្ចស្នូលពីរ គឺវិស័យទេសចរណ៍ និងកសិកម្ម ហើយ​ខេត្តបានយកចិត្តទុកដាក់ខ្ពស់​លើបញ្ហាបរិស្ថាន អនាម័យ និង​សន្តិសុខទេសចរណ៍ និង​វិស័យទេសចរណ៍ នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ​ដែលធ្វើឲ្យខេត្ត​ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង​ក្រៅប្រទេស។

លោកបន្ថែមទៀតថា ​នៅពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន សាងសង់ព្រលានយន្តហោះ​នៅខេត្តសៀមរាប​បានរួច​រាល់ហើយនោះ កំណើននៃភ្ញៀវទេសចរ​​កើនទ្វេឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប កាន់តែមានភាពល្អប្រសើរ​ថែមទៀត។

ជាការឆ្លើយតប លោក Roberto Simone នាយកប្រតិបត្តិ​ក្រុមហ៊ុន Tonino Lamborghini ក៏បានធ្វើការកោតសរសើរ​ពីភាពដឹកនាំ​របស់រាជរដ្ឋាភិ​បាលកម្ពុជា ដែលបានអភិវឌ្ឍខេត្តនេះឱ្យសក្ត័សមជាខេត្ត​ទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងក្លាយជាខេត្តគោលដៅ នៃភ្ញៀវទេសចរ​លើពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួត​របស់​កម្ពុជា។

ជាចុងក្រោយ លោក Roberto Simone បញ្ជាក់ថា ក្រុមហ៊ុន​លោក​នឹងធ្វើការសិក្សាស្រាវជ្រាវ អំពីខេត្តសៀមរាប សម្រាប់ធ្វើការវិនិយោគ​ផលិតផល​របស់ក្រុមហ៊ុន Tonino Lamborghini ដែលមានដូចជា រថយន្តទំនើប សណ្ឋាគារ ​សម្ភារៈវាយកូនហ្គោល ទូរស័ព្ទដៃ នាឡិកា ស្រាក្រហម វ៉ែនតា សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕

មតិយោបល់