ព័ត៌មានជាតិ

ហុងដា សាកកម្លាំងជាមួយហាយទ្បេនឌ័រ មានអីដេកស្អាត

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុករថយន្តគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ៦ និង២៥ នាទីល្ងាចថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០១៨​ នៅផ្លូវ​លំហែ​ភូមិន្ទ​ ត្រង់ចំណុច​ជាប់​សណ្ឋាគារ​វិមាន​ខ្សាច់​ស​ ស្ថិតនៅ​សង្កាត់​លេខ​៤​ ក្រុង​ និងខេត្ត​ព្រះសីហនុ​។

ម៉ូតូបង្ក​​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1GD-0898 បើកបរ​ដោយ​ឈ្មោះ​ វ៉ន​ និត​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ មានទីលំនៅ​ភូមិ​គោកធ្លក​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និង​អ្នករួមដំណើរ​ម្នាក់​ទៀត ឈ្មោះ​ ផាន់​ ភឿន​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់នៅ​សង្កាត់​លេខ​៣​ ក្រុង​ និងខេត្ត​ព្រះសីហនុ​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ​មានទិសដៅពី​រង្វង់​មូល​តោ​ ឆ្ពោះទៅ​ចុង​អូឈើទាល​ ​មកដល់ចំណុចកើតហេតុ ​បាន​បុក​ពី​ចំហៀង​រថយន្ត​ ១គ្រឿង​ដែល​កំពុងបត់​ឆ្លងកាត់​ផ្លូវ​ មាន​ទិសដៅ​ស្របគ្នា​។

រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​2U-2372 បើកបរ​ដោយ​ឈ្មោះ​ LEE HAENG YEON ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិ​ កូរ៉េ​ កាន់​លិខិត​ឆ្លងដែន​លេខ​ M06915723​ មុខរបរ​ ទេសចរ​ ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ និងខេត្ត​ព្រះសីហនុ​ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ម៉ូតូ ឈ្មោះ​ វ៉ន​ និត​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ​ ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយសពតង្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​រង់ចាំ​ក្រុមគ្រួសារ​ មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែកអ្នករួមដំណើរ ឈ្មោះ​ ផាន់​ ភឿន​ បានរងរបួស​ធ្ងន់ កំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និងឈ្មោះ​ LEE HAENG YEON អ្នកបើកបរ​រថយន្ត​ រងរបួស​ស្រាលប៉ុណ្ណោះ​ ត្រូវបានសមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

បច្ចុប្បន្នវត្ថុតាង​ រថយន្ត​ និង​ម៉ូតូ​ សមត្ថកិច្ចបានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់