ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតថ្នាំញៀនទម្ងន់ ២៧,៩ក្រាម

ព្រះសីហនុៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង ១និង ៣០នាទីឈានចូល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុម១៦ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ខន សួរ ហៅសម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររត់ម៉ូតូឌុប ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន ១កញ្ចប់ ទម្ងន់២៧,៩ក្រាម, ទូរសព្ទ២គ្រឿង,ម៉ូតូ១គ្រឿង និងជញ្ជីងថ្លឹងគ្រឿងញៀន១។ ជនសង្ស័យទី២ឈ្មោះ សំ ស៊ីនួន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម៉ាស្សា ទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដកហូតបាន ទូរសព្ទ១គ្រឿង និងជនសង្ស័យទី៣ឈ្មោះ រិទ្ធិ ឆក ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់