ភ្នំពេញៈ ជនសង្ស័យជាមនុស្សបែកថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានយកដែក និងកាំបិត ធ្វើសកម្មភាពវាយទៅលើបុរសម្នាក់ជនពិការដៃ ដែលកំពុងហត់ប្រាណ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៦DE1Z ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ ម៉ា រិទ្ធី អាយុ៥៥ឆ្នាំ មុខរបរគ្រូបង្រៀន។
មុនពេលកើតហេតុគេឃើញបុរសបែកថ្នាំញៀនខាងលើ បានដើរកាន់ដែកនិងកូនកាំបិត លុះដល់ចំណុចកើតហេតុ ស្រាប់តែវាយទៅលើជនរងគ្រោះជាគ្រូបង្រៀនជនពិការដៃ ដែលកំពុងដើរហាត់ប្រាណ បណ្តាលឲ្យក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ។ចំណែកជនសង្ស័យវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទៅធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់