នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯ.ឧ អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ប៊ុនថាប្ញទ្ធិ អភិបាលរងនៃគណៈអភិ បាលខេត្តសៀមរាប ដើម្បីពិនិត្យពិភាក្សា និង ការអនុម័តលើរបៀបវារៈអង្គប្រជុំ និង ការអនុម័តលើសេចក្តីព្រាងរបាយ ការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តសៀមរាប និងការអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត និងលើកឡើងនូវបញ្ហាផ្សេងៗ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត កាលព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៤នេះ ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៦រូប លើ ១៩រូប អវត្តមាន០៣រូប ។ បន្តមកឯ.ឧ អ៊ឹង ហឿន ប្រធានស្តីទី បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី ៥៨ អាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកអង្គប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ពិនិត្យពី និង អនុម័តទៅលើ របៀបរវារៈកិច្ចប្រជុំរួចមក ព្រមទាំងបានអនុញ្ញាតឲ្យធ្វើការពិនិត្យរបាយការណ៍ ស្តីពីលទ្ធផល និង សកម្មភាពការងារអនុវត្តបានរបស់រដ្ឋបាលខេត្តសៀមរាបប្រចាំត្រីមាសទី១ឆ្នាំ២០១៤ ក្នុងនោះកិច្ចប្រជុំទាំងមូលក៏បានធ្វើការពិភាក្សា ទៅលើចំណុចសកម្មភាព នៃលទ្ធផលដែលបានលើកឡើង នៅក្នុងរបាយការណ៍ដែលសម្រចបានក្នុងត្រីមាសទី១ឆ្នាំ២០១៤ ។ ក្នុងនោះដែរសមាជិកនៃក្រុមប្រឹក្សាខេត្តក៏បានលើកឡើងពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធទៅលើសេវា រដ្ឋបាលសាធារណៈ វិស័យជលផល និង បញ្ហាផ្លូវលំជនបទដែលធ្វើឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ឋ រស់ នៅអមដងផ្លូវទាំងនោះ ព្រមទាំងបញ្ហាអនាម័យនៅតំបន់អតីតអង្គរឃ្យុងយូរ។
ក្នុងនោះដែរឯ.ឧប៊ុនថាប្ញទ្ធិក៏បានធ្វើការបកស្រាយបំភ្លឺ នូវរាល់ចំណុចបញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើង អំពីបញ្ហាសេវារដ្ឋបាលសាធារណៈនៅតាមបណ្តាក្រុងស្រុក ឃុំ សង្កាត់ និង ការចិញ្ចឹមកូនត្រីរស់ និង ត្រី ឆ្តោរ និងការបង់សេវាការដឹកជញ្ជូនផលអនុផលនេសាទ និង ការស្ថាបនាផ្លូវជនបទ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ អំពីបញ្ហាអនាម័យ បរិស្ថាននៅតំបន់អង្គរឃ្យុងយូរត្រូវបានប្រគល់ឲ្យអាជ្ញាធរក្រុងសៀមរាប ជាអ្នកគ្រប់គ្រង មើលការ ខុសត្រូវ ទាំងអនាម័យនិង បរិស្ថាន ។ ក្នុងនោះដែរខណ្ឌរដ្ឋបាលជលផលខេត្ត និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការបំភ្លឺជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត នូវរាល់ចម្ងល់ និង បញ្ហាដែលបានលើកឡើង។
បន្តមកសមាជិកអង្គប្រជុំក្រុមប្រឹក្សាក៏បានធ្វើការពិនិត្យទៅលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាយ៉ាងល្អិតល្អន់ ព្រមទាំងបានធ្វើកែសម្រួលខ្លឹមសារ អត្ថន័យមួយចំនួនរួចមក ក៏បានឯកភាព និង អនុម័តទៅលើខ្លឹមសារនៃកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៤ ។
មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯ.ឧ អ៊ឹង ហឿន ក៏បានលើកនូវសំណូមពរ និង ក្រើនរំលឹកដល់ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត ត្រូវធ្វើការផ្តល់នូវរបាយការណ៍សកម្មភាព លទ្ធផលដែលសាមីមន្ទីរ ស្ថាប័ន អង្គភាពអនុវត្តបានប្រចាំខែនិមួយៗទៅតាមការកំណត់របស់រដ្ឋបាលសាលាខេត្ត និង ត្រូវមានវត្តមានចូលរួមប្រជុំក្រុមប្រឹក្សាខេត្តឲ្យបានគ្រប់មន្ទីរ ស្ថាប័ន អង្គភាពផងដែរ ។ ឯកឧត្តមបានដាក់ នូវកាលវិភាគនៃរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត បានកំណត់យកនៅថ្ងៃទី៣០ខែ មេសាឆ្នាំ២០១៤ និង ឲ្យគណៈអភិបាលខេត្ត ត្រូវយកនូវរាល់ការងារដែលលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្ត ដែលបាន អនុម័តរួចហើយនេះ ទៅធ្វើការអនុវត្តប្រតិបត្តិការងារឲ្យទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ក្នុងការចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋានឃុំ សង្កាត់ ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ៕
មតិយោបល់