ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ជាចៅក្រមជំនុំជម្រះ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ទណ្ឌិតម្នាក់ឈ្មោះ បាន គ្រាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀលចូលជាថវិការដ្ឋ ពីបទ លួចរត់ ចេញពីពន្ធនាគារ ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ យោងតាមមាត្រា ៥៦០ មាត្រា ៥៦១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨២នៃច្បាប់ស្តីពីពន្ធនាគារ។
នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨កន្លងទៅទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និងអនុវត្តទោស ២ឆ្នាំ ក្នុងសំណុំរឿង លួច ដោយសារតែខ្លួន ជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារ អនុញ្ញាតឱ្យខ្លួន អាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំង បាន។ ដោយឃើញជាឱកាសល្អ ខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់បាន នៅម្តុំវត្តភ្នំមកដាក់គុកវិញដដែល៕
មតិយោបល់