ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ បញ្ជូនខ្លួនមេល្បែងជំនាញ ទៅឱ្យតុលាការ ជំនាញព្យួរទោស ចាត់ការតាមជំនាញម្តងទៀត

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្ត្រីមេបនល្បែងស៊ីសង ជំនាញស្ទួចក្លងប្រេងកូឡា និងស្ត្រីជាបក្ខពួកម្នាក់ទៀត ទៅតុលាការដើម្បីចាត់ការតាមជំនាញម្តងទៀត ក្រោយពីតុលាការធ្លាប់បាន ផ្តន្ទាទោសព្យួរទាំងអស់ តាមជំនាញ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកល្បែងសុីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ ឈ្មោះពេជ្រ ស្រីខួច ភេទ ស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ភ្នាក់ងារសុីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចរោងកម្មករសំណង់ ស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំននួន រួមមាន៖
-ធុងជ័រសម្រាប់ស្ទួចខ្លងប្រេងកូឡា ចំនួន ០១ធុង
-គ្រាប់ក្លងប្រេងកូឡា ចំនួន ១២គ្រាប់
-ក្រណាត់កៅស៊ូក្រាល ចាក់លេខ ចំនួន ០១ផ្ទាំង
-លុយខ្មែរ ចំនួន ១៦,៥០០រៀល
-ខ្សែដៃប្លាកទីន ចំនួន ១ខ្សែ
-ចិញ្ជៀនប្លាកទីនដាំត្បូងពណ៌ស ចំនួន ១វង់
-ចិញ្ជៀនកាឡៃ ចំនួន ២វង់
-ខ្សែជើងប្លាទីន ចំនួន ១ខ្សែ
-និងកាបូបពណ៌ក្រហម ចំនួន ១។

គួររំឭកថា ជនសង្ស័យឈ្មោះ យឹម ច្រឹប ធ្លាប់ត្រូវបាន សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពី រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចរោងកម្មករស្នាក់នៅក្នុងបុរីប៉េងហួត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បន្ទាប់មក នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងក្រុងភ្នំពេញ និងមានលោក កុល បុន ជាតំណាងអយ្យការ បានបើកសវនាការជំនំជម្រះផ្ទាល់ និងបានប្រកាសសាលក្រមភ្លាមៗ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ដាក់ពន្ធនាគារកំណត់រយ:ពេល ១ឆ្នាំ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា មិនតម្រូវឱ្យអនុវត្តទោសនៅក្នុងគុកនោះទេ ក្រោមបទចោទ ញ ពីបទ បើកកន្លែងលេងល្បែងស៊ីសង យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង៕

មតិយោបល់