Post News Media ព័ត៌មានជាតិ ងងុយមួយភាំង ប...

ងងុយមួយភាំង បុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋ!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ងោកមួយភាំង បានរេចង្កូតបុករះរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង រួចបន្តបុកចូលផ្ទះលក់ចាប់ហួយនៅចិញ្ចើមផ្លូវខ្ទេចយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ គីឡូម៉ែត១០៥-១០៦ ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ កំពង់ចាម 3A-5236 បើកបរឈ្មោះ ស៊ុន សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ បើកពីលិចទៅកើត បានរេចង្កូតទៅគៀររថយន្ដម៉ាកស្ការិច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AQ-8136 បើកបរដោយឈ្មោះ សាមិត្ត ណារិនប៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ពីកើតទៅលិច ខ្ទេចមួយចំហៀងខាងឆ្វេង រួចរថយន្តបង្កបានបន្តទៅបុកនឹងរថយន្តស៊ាំយ៉ុង ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2AG-7865 បើកបរឈ្មោះ ស្ដើង ថូ ភេទប្រុស អាយុ៤១ឆ្នាំ បណ្តាលឲ្យខ្ទេចមួយកំណាត់ខាងមុខ រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ស្កុបពី បញ្ឈរមុខផ្ទះ និងបុកចូលផ្ទះលក់ចាប់ហួយខ្ទេចយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរខាងលើ ទៅរក្សាទុកនៅប៉ុស្ដិ៍ស្មោងជើង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕