នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំ២០១៧ សហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា «ខ្ញុំនឹងខិតខំសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើកិច្ចការចំពោះមុខជាច្រើនទៀតទាក់ទងនឹង ការអភិវឌ្ឍខ្សែចង្វាក់តម្លៃអង្កររបស់កម្ពុជា រួមមានការពង្រឹងបច្ចេកទេសផលិត និងកែច្នៃអង្កររបស់កម្ពុជា ការកាត់បន្ថយតម្លៃនាំចេញ និងដោះស្រាយបញ្ហាប្រឈមនានា និងការពង្រីកទីផ្សារឲ្យបានជាអតិបរិមា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ»។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពី កិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍចង្វាក់តម្លៃអង្ករ តាមរយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា ដំណាក់កាលទី១ នៃកម្មវិធីពង្រឹងក្របខណ្ខសមាហរណកម្ម (EIF) រាប់ចាប់ពីការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាព ទៅជាការផលិត និងកែច្នៃអង្ករ ដើម្បីផ្គត់ផ្តង់ទីផ្សារក្នុងស្រុក និងនាំចេញដោយជោគជ័យជាង ៤៤ពាន់តោន កាលពីឆ្នាំ២០១៣ ព្រមទាំងធ្វើឲ្យអង្ករកម្ពុជា ឈ្នះពានរង្វាន់អង្ករគុណភាពលំដាប់ពិភពលោក ចំនួន ៣ឆ្នាំជាប់គ្នា។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃដើមផលិត កែច្នៃ និងនាំចេញអង្ករ តាមរយៈការលុបចោលកម្រៃសេវានានា ការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការសម្រួលការចុះបញ្ជីម៉ាកវិញ្ញាតកម្មទំនិញអង្ករឈ្មោះ «ម្លិះអង្គរ» ជាដើម។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សហព័ន្ធស្រូវអង្ករ ចូលរួមឲ្យបានកាន់តែសកម្មក្នុងកិច្ចការផ្សព្វផ្សាយម៉ាកអង្ករកម្ពុជា និងការជំរុញការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ទាំងបច្ចុប្បន្ន និងអនាគត។
គួររំលឹកដែរថា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលកសិកម្មចំនួន ៥ប្រភេទ រួមទាំងស្រូវអង្ករ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យអនុវត្តន៍គម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅថា AIMS កាលពីខែឧសភា ឆ្នាំ២០១៧ សំដៅពង្រឹងសមត្ថភាព និងបច្ចេកទេសដាំដុះរបស់ប្រជាកសិករ ក្នុងការផលិតស្រូវឲ្យមានគុណភាព និងទិន្នផលខ្ពស់ និងតភ្ជាប់សមាគមកសិករជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាទីផ្សារទាំងក្នុង និងក្រៅប្រទេស។
មិនតែប៉ុណ្ណោះ ចាប់តាំងពីការអនុវត្តគោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៅក្នុងឆ្នាំ២០១០ បានធ្វើឲ្យបរិមាណនាំចេញអង្ករកម្ពុជា កើនឡើងរៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៦៣ម៉ឺនតោន ទៅកាន់ទីផ្សារ ៦០ជុំវិញពិភពលោក ពោលគឺបានកើនឡើងជាង ១៧% បើធៀបនឹងឆ្នាំ ២០១៦ ដែលមានត្រឹមតែ ៥៤ម៉ឺនតោន និងប្រហែលជាង ៦០% បើធៀបនឹងឆ្នាំ ២០១០ ដែលមានត្រឹមតែ ១០ម៉ឺនតោន ប៉ុណ្ណោះ៕
មតិយោបល់