ព័ត៌មានជាតិ

ជិះម៉ូតូលឿន បុករថយន្ត​ របួសធ្ងន់២នាក់ទាំងព្រឹក!

បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដាគ្លិចបើកលឿនមិនប្រយ័ត្ន រួចជ្រុលចង្កូតទៅ ​បុករថយន្តម៉ាកហ៊ីណូ ក្នុងទិសដៅបញ្រ្ចាសគ្នា​ បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧​និង៤០នាទីព្រឹក ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ម្ចាស់ម៉ូតូមានឈ្មោះ យូ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ(របួសធ្ងន់) បាក់ដៃខាងឆ្វេង ជិះម៉ូតូម៉ាកហុងដាគ្លិច​​ ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប1Z​-6999 រីឯអ្នករួមដំណើរឈ្មោះ វណ្ណា ភេទស្រី អាយុ៣៤ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ទាំង២នាក់រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកម្ចាស់រថយន្ត​ពុំស្គាល់អត្តសញ្ញាណនោះទេ​ ដោយរូបគេបានគេចខ្លួនបាត់ស្រមោល បើករថយន្តម៉ាកហីណូ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 0170។ ​ ​

ក្រោយកើតហេតុ ​សមត្ថកិច្ច​បាននាំយករថយន្ត និងម៉ូតូមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

មតិយោបល់