ភ្នំពេញៈ បុរសជាជនជាប់ចោទថា បានលួចទាក់ទងប្រពន្ធគេម្នាក់ ត្រូវបានគេវាយបែកក្បាល និងចាប់អូសដៃចូលប៉ុស្តិ៍ប៉ូលិសផងដែរ ខណៈដែលកំពុងតែលួចជួបគ្នាជាមួយប្រពន្ធគេនៅតាមផ្លូវ ហើយប្តីគេតាមទាន់ ក៏វាយប្រតាយប្រតប់គ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់អ្នកតំណើរតាមផ្លូវ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៨ នៅក្បែរភ្លើងស្តុបច្រកចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសដែលរងការចោទប្រកាន់ថាបានលួចទាក់ទងប្រពន្ធ គេនោះមានឈ្មោះ ដាំង វ៉ាងទឹង អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងរៀបការ៉ូ មានប្រពន្ធ និង កូន២នាក់។ ចំណែកស្ត្រីជាប្រពន្ធដែលផិតក្បត់នោះមានឈ្មោះ សុខ យ៉ាវ អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់កាហ្វេតាមរទេះ និងមានប្តីឈ្មោះ សុខ ទ្រី អាយុ ៣១ឆ្នាំ មុខរបរលក់កាហ្វេតាមរទេះរុញដែរ។
មុនពេលកើតហេតុ បុរសជាជនជាប់ ចោទ ម្នាក់ខាងលើ បានធ្វើការណាត់ជួបជាមួយ និង ស្ត្រីកូន ៣ជាប្រពន្ធរបស់គេ នៅចំណុចខាងលើ ពេលដែលពួកគេ កំពុងតែជួបគ្នានៅតាមផ្លូវសាធារណៈនោះ ក៏ស្រាប់តែបុរសជាប្តីមកដល់ និង ទាញមួកសុវត្ថិភាពវាយបណ្តាលឲ្យ បែកក្បាល និង ចាប់អូសដៃមកកាន់ប៉ុស្តិ៍ប៉ូលិសតែម្តង។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ស្នេហាលួចលាក់រវាងបុរសជាជន ជាតិវៀតណាមម្នាក់ខាងលើ និង ស្ត្រីជាប្រពន្ធរបស់គេជាជនជាតិវៀតណាមដូចគ្នា បានលួចស្រឡាញ់គ្នា និង រត់ចោលប្តីនិង កូន ទៅរស់នៅជាមួយគ្នាអស់រយៈពេល ៩ខែម្តងមកហើយ និង ទើបតែត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានផងដែរ នៅលួចទាក់ទង និង ជួបគ្នា ហើយប្តីតាមដានឃើញទើបកើតរឿងបែបនេះតែម្តង។
ក្រោយពេលកើតហេតុ ពួកគេក៏បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ឲ្យជួយរកយុត្តិធ៌មឲ្យ ដោយបុរសជាប្តីសុខចិត្តយកប្រពន្ធទៅរស់នៅជាមួយគ្នា និង ធ្វើកិច្ចសន្យាឲ្យបុរសម្នាក់នោះឈប់ទាល់ទងប្រពន្ធរបស់ គាត់ទៀត ក៏បញ្ចប់រឿង និងត្រឡប់ទៅផ្ទះវិញរាងៗខ្លួនផងដែរ៕
មតិយោបល់