ព័ត៌មានជាតិ

Update៖ជិះទាក់ដៃចង្កូតគ្នា ខ្ទាតចូលក្រោមរថយន្ត កិនខ្ទេចក្បាលស្លាប់ម្នាក់!

ភ្នំពេញ: បុរស៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយនិងគ្នា ជិះម៉ូតូ២គ្រឿង ដោយម៉ូតូម៉ាក ហុងដា សេ១២៥ ជិះឈប់រង់ចាំរថយន្តបើកកាត់ ស្រាប់តែម៉ូតូម៉ាក ឌុកបុកពីក្រោយហើយខ្ទាតបុរសម្នាក់ដែលជាអ្នកបើកម៉ូតូឌុកទៅលើផ្លូវបេតុង ស្របគ្នានោះក៏មានរថយន្តដឹកគ្រឿងចក្រ បើកមកដល់កិនចំក្បាលខ្ទេចក្បាលធ្លាយខួរស្លាប់តែម្តង រីឯអ្នកជិះពីក្រោយរងរបួសស្រាល ចំណែកបុរសជិះម៉ូតូសង់សេ១២៥រងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំបូល ស្ថិតក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ មន្នី សិលា អាយុ៣០ឆ្នាំ មុខរបរ បកប្រែភាសាចិន នៅក្នុងរោងចក្រ ចំណែកអ្នកជិះពីក្រោយត្រូវជាប្អូនបង្កើតនៃសព មានឈ្មោះ គង់ ច័ន្ទរស្មី អាយុ២៤ឆ្នាំ របួសស្រាល ដោយឡែកជនរងគ្រោះដែលជិះម៉ូតូហុងដាឌ្រីម សេ១២៥ មានឈ្មោះ សៀន គីមសាន អាយុជាង២០ឆ្នាំ របួសធ្ងន់ ទាំង៣នាក់ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅ ឃុំកោះខែល ស្រុក ស្អាង ខេត្តកណ្តាល ទាំងអស់គ្នា។

ក្រោយកើតហេតុ ជនរងគ្រោះដែលជិះម៉ូតូសង់របួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅព្យាបាលបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកអ្នកជិះពីក្រោយជនរងគ្រោះនៃសព ត្រូវជាប្អូនបង្កើត អង្គុយយំអោបសពបងប្រុស រួមជាមួយសាច់ញាតិ រង់ចាំសមត្ថកិច្ចមកវាស់វែងរៀបចំឯកសារប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តបង្ករនិងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍ក្រុង នាំយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយជូនជនរងគ្រោះ៕

មតិយោបល់