កណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរនិងចែកចាយខុសច្បាប់ នូវសារធាតុញៀន ប្រភេទម៉ាទឹកកក។
ប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ស្ថិតនៅលើផ្លូវជាតិ២១ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទី១ឈ្មោះ ខន សុដានិត ភេប្រុស អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២ឈ្មោះ ផល សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកវត្ថុតាងដែលចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន១២កញ្ចប់តូច។
មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុជនសង្ស័យបានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១ គួរឲ្យសង្ស័យ ទើបកម្លាំងអន្តរាគមន៍ ក្រុងតាខ្មៅ ក៏ហៅឈប់ ដើម្បីសាកសួរហើយឆែកឆេររកឃើញថ្នាំញៀនចំនួន១២បញ្ចប់នេះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីបុរសម្នាក់ នៅម្តុំបឹងត្របែកហើយយកមកលក់បន្តឲ្យឈ្មោះ ថា នៅម្តុំស្ពានព្រែកតាងហ៊ុនភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តណ្តាលពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់