ព័ត៌មានជាតិ

ជិះម៉ូតូលឿន ជ្រុលទៅបុកគោយន្ត របួសដាច់ជើងម្ខាង​!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៥៥នាទីយប់ ថ្ងៃពុធ ៨ កើត ខែ មាឃ ឆ្នាំរកា នព្វសក័ ២៥៦១ ត្រូវថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៤៤ ចន្លោះគីឡូម៉ែត្រ ៨៣-៨៤ ចំណុច អូរសំពាយ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ1J-12 87 ជិះពីកើតទៅលិច ជិះគ្នា ២នាក់ ឈ្មោះ ធួក ស៊ីម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ឈ្មោះ ពឿន ប្រុសតូច ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្រាំដូង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពេលទៅដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុកកាងគោយន្តដែលកំពុងបើកពីលិចមកកើតចំផ្នែកខាងឆ្វេង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បានដាច់ជើងខាងឆ្វេង និងអ្នកជិះពីក្រោយរងរបួសធ្ងន់ រួចបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកឧដ្ដុង។ ចំពោះអ្នកបើកគោយន្ត ត្រូវរតគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការនគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់