ភ្នំពេញៈ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌមន្ទីរយុត្តិធម៌ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនដៃដល់ម្នាក់ ទៅតុលាការ ករណីហិង្សាដោយចេតនា ដោយបានយកដាវកាប់លើបុរសម្នាក់។
ជនសង្ស័យមានឈ្មោះ ទិត្យ ភា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ដោយជនសង្ស័យបានប្រើហិង្សាដោយចេតនា កាប់ដោយប្រើដាវ ទៅលើរូបខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យ បានសារភាពប្រាប់អាវុធហត្ថឲ្យដឹងថា ដំបូងឡើយខ្លួនបានទៅផឹកស៊ី នៅផ្ទះឈ្មោះ ប៉ង់ ដែលធ្វើពិធីបុណ្យដាលាន ជាអ្នកធ្វើការជាមួយគ្នា លុះពេលផឹកស៊ីបានមួយសន្ទុះ ស្រាប់តែឈ្មោះ ប៉ង់ បានយកដាវមកកាប់លើរូបខ្លួនប្រហែល៥ដាវ បណ្តាលឲ្យរងរបួសចំស្មា និងដៃឆ្វេង ដោយពុំដឹងមូលហេតុ តែពុំបណ្តាលឲ្យរបួសធ្ងន់នោះទេ ហើយត្រូវបានអ្នកនៅក្បែរនោះ ជួយឃាត់បំបែកហើយឈ្មោះ ប៉ង់ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។
បន្ទាប់មករូបខ្លួននិងមិត្តភក្តិ៣នាក់ទៀត ដែលមានឈ្មោះ ធារ៉ា ឈ្មោះ កុយ បានជិះម៉ូតូ២ម៉ាកហុងដា សេ១១០ ពណ៌ក្រហម និងម៉ាកស្មាស មិនចាំស្លាកលេខ តាមរកឈ្មោះប៉ង់ ពេលពួកខ្លួនជិះដល់ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក៏ឃើញបុរសម្នាក់ ដែលមានរូបរាង ស្រដៀងឈ្មោះ ប៉ង់ និងមានពាក់មួកសុវត្ថិភាព ដោយនឹកស្មានថាឈ្មោះប៉ង់ ភ្លាមនោះ រូបខ្លួន ក៏បានលោតចុះពីលើម៉ូតូ ដោយមានកាន់ដាវ បានកាប់ទៅលើជនរងគ្រោះ មួយទំហឹង ហើយរូបខ្លួនក៏បានជិះម៉ូតូគេខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង៕
មតិយោបល់