កណ្តាលៈ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានចុះល្បាតតាមមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្ស័យ២នាក់ ឃាត់សួរនាំឆែកឆេររកឃើញគ្រឿងញៀនជាង១០កញ្ចប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ស កែវ ពិសិដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ខន សុដានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអង្គរក្សនៅបន្ទាយស្វាយរលំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២-ឈ្មោះ ផល សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១២កញ្ចប់តូច។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ ខណៈសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូក្នុងស្ថានភាពខុសប្រក្រតី តាមបណ្តោយផ្លូវជាតិលេខ២១។ ដោយមានការសង្ស័យ កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ បានហៅឲ្យឈប់ដើម្បីសាកសួរ និងឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀន១២បញ្ចប់ រួចបានឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះ ពួកគេបានទិញពីបុរសម្នាក់នៅម្តុំបឹងត្របែក ដើម្បីយកមកលក់បន្តនៅម្តុំស្ពានព្រែកតាងហ៊ុន ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែមិនទាន់សម្រេចបំណងផង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់