ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្ត១ ទៅបុករថយន្ត១គ្រឿងទៀត ក្រឡាប់ផ្ងារជើង របួសធ្ងន់២នាក់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងបានជិះវ៉ារថយន្ត១គ្រឿងទៀត រួចជ្រុលទៅបុករថយន្ត១គ្រឿងផ្សេងទៀត ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់ និងក្រឡាប់រថយន្ត១គ្រឿងផ្ងារជើង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦២~៦៣ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-9764
អ្នកបើកបរ ឈ្មោះស៊ុន ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ និងអ្នកជិះពីក្រោយ ឈ្មោះ ស៊ុន ឃ្លង់ ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ជិះពីកើតទៅលិច លុះបានមកដល់ចំណុចខាងលើបានឡើងវ៉ា រថយន្តធំមួយគ្រឿង មិនស្គាល់ម៉ាក ដែលបើកបរបទិសស្របគ្នាពីមុខ ហើយទៅបុករថយន្តមួយគ្រឿង NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS0357 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយ រងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបររថយន្ត ពេលបុករួចបានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង២ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

មតិយោបល់