ព័ត៌មានជាតិ

ជិះម៉ូតូបុកគូថរថយន្ដកុងតឺន័រពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកកៀនស្វាយ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន បានជ្រុលទៅបុកគូថរថយន្ដកុងតឺន័រ ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ នៅវេលាម៉ោង២២និង៣៥នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹថា ជនរងគ្រោះពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស មានអាយុប្រហែល៣៧ឆ្នាំ បើកបរម៉ូតូម៉ាកYAMAHA SIRIUS ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1F-3158 ។ ចំណែកអ្នកបើកបររថយន្ដកុងតឺន័រ ពុំស្គាល់អត្ដសញ្ញាណ បើករថយន្ដគេចខ្លួនបាត់ស្រមោល ក្រោយពីមានហេតុការណ៍កើតឡើង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅអ្នកលឿង លុះបើកមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូថរថយន្ដកុងតឺន័រពេញមួយទំហឹង ដែលបើកស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ ដួលទៅនឹងផ្លូវរងរបួសធ្ងន់ រីឯរថយន្ដម៉ាកកុងតឺន័រ បានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុកកៀនស្វាយ មកអន្ដរាគមន៍ហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងនគរបាលជំនាញ បានចុះពិនិត្យវាស់វែង រួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពីអ្នកបើកម៉ូតូ បើកធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ទើបបានជាមានរឿងហេតុបែននេះកើតឡើង៕

មតិយោបល់