បាត់ដំបងៈ លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទយកកំប៉ុងគោជល់ពត់ឲ្យស្រួច យកទៅភ្ជង់ស្រ្តីម្នាក់ រួចសំឡុតយកទូរសព្ទ ម៉ាកអាយហ្វូនហ្វាយអេស ពណ៌មាសបានសម្រេច។
ប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ ស្ថិតក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ចំណែកជនរងគ្រោះឈ្មោះ ញ៉ុក វលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យរួចមក លុះព្រឹកម៉ោង១០ព្រឹក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ដើម្បីទៅរកទូរសព្ទរបស់ជនរងគ្រោះ រួចមកក៏ឃើញនៅលើដើមត្នោត ដែលជនសង្ស័យ យកទៅលាក់លើធាងត្នោត នៅពីខាងលិចចម្ងាយ២ម៉ែត្រ ពីកន្លែងដេករបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវនាំយកមកកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់