ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung បានចេញលិខិតសុំអភ័យទោសជាសាធារណៈពាក់ព័ន្ធរឿងធ្លាយធុងទឹកអាស៊ីត នៅក្នុងរោងចក្រផលិតផលិតផលពាក់កណ្ដាលចម្បងរបស់ខ្លួនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េយ៉ិនហាប់ បានឲ្យដឹងថា លោក Know Oh-hyun អគ្គនាយករងក្រុមហ៊ុន បានថ្លែងថា ក្រុមហ៊ុននឹងរៀបចំនូវរចនាសម្ព័ន្ធឡើងវិញ ហើយសុំធានាថា នឹងមិនឲ្យមានករណីបែបនេះកើតឡើងម្ដងទៀតឡើង។
ប្រភពខាងលើបានបន្តទៀតថា នៅពេលនេះប៉ូលិសកំពុងតែស៊ើបអង្កេតលើករណីធ្លាយទឹកអាស៊ីតនេះ ដោយនៅក្នុងនោះមានមនុស្ស ៧នាក់ស្ថិតក្រោមកាស៊ើបអង្កេត ដែលមាន ៣នាក់ជាបុគ្គលិក Samsung។
ទឹកអាស៊ីតដែលបានធ្លាយនោះមានចំណុះប្រហែលជា ១០លីត្រ ដែលបានសាយភាយនូវក្លិនយ៉ាងឈួល រហូតមកដល់ពេលនេះ មន្ត្រីបរិស្ថានរបស់កូរ៉េនៅមិនទាន់បានបង្ហើបឲ្យដឹងថា ករណីខាងលើនេះប៉ះពាល់អ្វីខ្លះនោះទេ៕
មតិយោបល់