បន្ទាយមានជ័យៈ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុនពេលទិញទំនិញយកទៅប្រើប្រាស់ត្រូវពិនិត្យឲ្យបានច្បាស់ពីកាលបរិច្ឆេទ និងប្រភេទទំនិញដែលច្បាប់ហាមឃាត់ជាដើម។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអំពាវនាវបែបនេះ ក្នុងឱកាស ដឹកនាំកម្លាំងចម្រុះចុះពិនិត្យគុណភាពម្ហូបអាហារក្នុងផ្សារចក្រី ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកបន្ដថា ដោយអនុវត្តន៍តាមការណែនាំ របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាដើម្បីធានាបាននូវគុណភាពម្ហូបអាហារ លើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំអាជីវករ ត្រួតពិនិត្យ គុណភាពម្ហូបអាហារ ដែលអាជីវករដាក់លក់ក្នុងផ្សារចក្រីនៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបន្ថែមទៀតថា តាមការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរសៃគុយទាវ ផ្អក ម៉ាំ អង្ក រកសារជាតិបូរ៉ាក់ និងអង្កប្លាស្ទិចតែរកពុំឃើញមានសារធាតុបូរ៉ាក់ ឬអង្កប្លាស្ទិចអ្វីទេ។ ក្នុងនោះមន្ត្រីជំនាញបានដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមួយចំនួនដូចជា នំកញ្ចប់ ស្ករគ្រាប់មួយចំនួនធំ។
ជាមួយនឹងការត្រួតពិនិត្យនេះ អាជីវករម្នាក់ បានឲ្យដឹងថា បច្ចុប្បន្ន អាជីវករលក់ដូរក្នុងផ្សារចក្រីភាគច្រើន មានការយល់ដឹងច្រើន និងមិនមានការដាក់លក់ទំនិញគ្មានស្លាកយីហោ ទំនិញហួសកាលបរិច្ឆេទ និងទំនិញច្បាប់ហាមឃាត់ជាដើម ហើយការយល់ដឹងនេះ តាមរយៈ ការណែនាំរបស់មន្ត្រីសាខាកាំកុងត្រូល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ជាមួយនឹងការត្រួតពិនិត្យនេះដែរលោក ស៊ាន ស៊ីណាត ក៏បានអំពាវនាវដល់ ក្រុមអាជីវករលក់ដូរក្នុងផ្សារ មេត្តាកុំដាក់តាំងលក់ នូវប្រភេទទំនិញ ដែលមន្ត្រីសាខាកាំកុងត្រូលតែងធ្វើការណែនាំ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ មុនពេលទិញទំនិញយកទៅប្រើប្រាស់ ត្រូវពិនិត្យឲ្យច្បាស់នូវកាលបរិច្ឆេទ និងប្រភេទទំនិញ៕
មតិយោបល់