ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបញ្ជូនបុរសជនសង្ស័យម្នាក់ ដែលជាគ្រូបង្រៀនហាត់ប្រាណមានឈ្មោះ ម៉េង ចាន់ដារ៉ា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី កាប់សន្តិសុខសួនច្បារក្តាន់ពីរ ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន ការហាត់ប្រាណ តាមសួនច្បារ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ន ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខយាមសួរច្បារក្តាន់ពីរ។
គួររំលឹកថាសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១៧១ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ បុរសម្នាក់ជាសន្តិសុខបានមកពីផឹកស្រាស្រវឹង ហើយបានមករករឿង ជនសង្ស័យតាមសួនច្បារ និងបានវាយតប់គ្នាផងដែរ រហូតគ្រូហាត់ប្រាណរត់ឡើងលើផ្ទះ យកកាំបិតប៉័ងតោមកកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដោយឲ្យរយះហូរឈាមពេញខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចបានបន្តថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការលោក ចែ សុង ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីនំពេញ៕
មតិយោបល់