ភ្នំពេញៈ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់ ត្រូវបានរងការខូចខាតបន្ទាប់ពីរថយន្តបែនដឹកដីមួយគ្រឿង បើកលឿនបែកកង់រេចង្កូតទៅបុកពេញទំហឹង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP1281 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ខាងស្តាំផ្នែកខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កង់ម្ខាងទៅមុខលែងរួច សំណាងមិនបង្កឲ្យមនុស្សរងរបួស។
បើតាមសម្តីតៃកុងរថយន្តបានឲ្យដឹងថា មុនពេលកើតហេតុខណៈកំពុងធ្វើដំណើរស្រាប់តែមានកង់ក្មេងម្នាក់ជិះឆ្លងផ្លូវហើយក៏បានគេចទើបរេចង្កូតទៅបុករបាំងថ្មតែម្តង។
ក្រោយពេកើតហេតុ សមត្ថកិច្ចប្រចាំមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងនាំជនបង្កមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ដើម្បីរង់ចាំកម្លាំងចរាចរណ៍ផ្លូវគោកក្រុងមកធ្វើការដោះស្រាយ៕
https://youtu.be/WYC9UIEAC1c
មតិយោបល់