ព័ត៌មានជាតិ

រថយន្តស្តារិច ស្លាកលេខភ្នំពេញ 2U-8815 បុកបង្គោលស្លាកសញ្ញា រងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកស្តារិច បោះពួយលឿនហួសផ្លូវ ជ្រុលបត់ឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញា រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់ហេង លាភ តាមបណ្តោយផ្លូវជាតិលេខ៦អាក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-8815 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាចំណុចដែលត្រូវបត់ឆ្វេងតែបើកហួស ទើបទាញចង្កូតមិនទាន់ ក៏ជ្រុលឡើងខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

មតិយោបល់