ព័ត៌មានជាតិ

សំណុំរឿង​យោធាផ្កាយ​១​បាញ់ពលរដ្ឋ ត្រូវតុលាការបង្អង់នីតិវិធី រង់ចាំចរចាជាមួយជនរងគ្រោះ ឱ្យទទួលសំណង និងដកពាក្យបណ្តឹង

ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ លោក សាន សុផាត ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿង មន្ត្រីយោធា ផ្កាយ១ ជាប់ចោទ ករណី ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធគ្មានការអនុញ្ញាតនោះ នៅមិនទាន់អាចបន្ត នីតិវិធីស៊ើបសួរ លើជនត្រូវចោទ នោះទេ ដោយបង្អង់ចាំឱ្យភាគី ជនត្រូវចោទ ចរចាជាមួយ ជនរងគ្រោះ សងសំណង និងដកពាក្យបណ្តឹង។

ប្រភពបន្ថែមថា តាំងពីថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជារបស់លោក រៀល សុភិន ជាតំណាងអយ្យការ មកនោះ ភាគីជនត្រូវចោទ សោ ហៀម ហៅលោកគ្រូហៀម បានព្យាយាម ចរចាសុំសងសំណងទៅជនរងគ្រោះ ដើម្បីឱ្យដកពាក្យបណ្តឹង ជាការបើកឱកាសឱ្យតុលាការអាច ដោះលែងជនត្រូវចោទបាន ប៉ុន្តែជនរងគ្រោះមិនព្រម ដោយហេតុថា ភាគីជនត្រូវចោទ អាងខ្នងអ្នកមានអំណាច មកកៀបសង្កត់ជនរងគ្រោះជាជាង ការសម្របសម្រួលគ្នា។

សមត្ថកិច្ចថ្លែងថា បច្ចុប្បន្ន ចៅក្រមស៊ើបសួរ បានសម្រេចផ្ញើ ជនត្រូវចោទ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃជាបណ្តោះអាសន្នសិន។

ដោយឡែកភាគីជនរងគ្រោះ បានឱ្យអ្នកសារព័ត៌មានដឹងថា ភាគីជនត្រូវចោទ ពិតជាបាន ព្យាយាមអង្វសុំឱ្យ ភាគីខ្លួនទទួលសំណង និងដកពាក្យបណ្តឹងមែន តែសំណងដែលជនជាប់ចោទចង់សងទៅខ្លួននោះ វាមិនទាន់ពិតប្រាកដថា ប៉ុន្មាននៅឡើយទេ ទើបខ្លួនរងចាំដោះស្រាយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨ខាងមុខ បន្តទៀត។

ប្រភពពីអ្នកជិតខាងផ្ទះលោកយោធាផ្កាយ រួមមានទាំង អាជិវករ មន្ត្រីរាជការ និងមេធាវីផង បានឱ្យដឹងថា អ្នកណាក៏ល្បីឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដែរនៅម្តុំផ្សារត្រីផ្សារដើមថ្កូវ ឱ្យតែខឹងអ្នកណា ឬឈ្លោះអ្នកណា គឺបាញ់រហូត ជាច្រើនលើកច្រើនសារមកហើយ គ្មានអ្នកណា ហ៊ានប៉ះទេ។

ពលរដ្ឋបន្តថា ពួកគាត់ធ្លាប់ ទៅប្តឹងដល់ស្ថាប័នកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនអាចមានចំណាត់ការផ្លូវច្បាប់ លើលោកយោធាផ្កាយ១ នេះបានឡើយ ដោយសារតែគេមានលុយ និងបក្ខពួកច្រើន ទើបពលរដ្ឋត្រូវ ដេកឈឺចាប់រហូតមកជាច្រើនឆ្នាំ។

សូមបញ្ជាក់ថា លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធាបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួន ស្រាប់តែជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ៥គ្រាប់ (ផ្ទុះ២គ្រាប់ មិនផ្ទុះ ៣គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

សូមបញ្ជាក់ថា ខណៈដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ជនសង្ស័យបាន ហៅក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនត្រូវចោទបាន ប្រើទូរស័ព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង ដោយសមត្ថកិច្ច មិនបានដាក់ខ្នោះ ជនសង្ស័យដទៃទៀតនោះទេ។

ក្រៅពីសកម្មភាពបែបនេះ ជនត្រូវចោទបាន ប្រើពាក្យសម្តី គំរាមកំហែងក្រុមអ្នកកាសែតថា លោកបាន ប្រាប់ថ្នាក់លើ អស់ហើយ ចឹងអ្នកកាសែតតូចតាច ចង់ថតអីថតទៅ និយាយតែជាមួយ គឺចប់ហើយ៕
https://youtu.be/DXKYuXwM2d8

https://youtu.be/7Iqn2NJbh-M

មតិយោបល់