ភ្នំពេញៈ បុរសម្នាក់បើករថយន្តស៊េរីទំនើប ក្នុងស្ថានភាពស្រវឹងបត់ក្រឡឹងរង្វង់មូលមួយជុំ រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម ម្ចាស់រថយន្តរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលជ្រោយចង្វារត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-0108 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង បើកបរក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃក្រឡឹងរង្វង់មូលមួយជុំ ដោយបួងចង្កូចមិនផុត ក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើមនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យទ្រេត។ ចំណែករថយន្តបង្កផ្ទុះពោងម្ខាងបណ្តាលឲ្យម្ចាស់រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់