ព័ត៌មានជាតិ

ឆក់ទូរស័ព្ទនិស្សិតសាលាISLបានសម្រេច តែរត់មិនរួច មានអីខ្នោះ!..

ភ្នំពេញៈ បុរសដែលជាជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ឃាត់ទុកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ កំពុងអង្គុយលើម៉ូតូរង់ចាំបងស្រី ត្រង់ចំណុចផ្លូវបេតុងមុខហាងK K ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យឃាត់ខ្លួនបានខាងលើមានឈ្មោះ សុខ វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវរថភ្លើងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ ឈ្មោះ សួង ចិន្តា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ជានិស្សិតសាលាISL ឆ្នាំទី២ មានទីលំនៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូយកបាយ ឲ្យបងស្រីរបស់នាង ធ្វើការនៅក្នុងហាងKKកន្លែងកើតហេតុ ពេលទៅដល់ហើយ ក៏អង្គុយលើម៉ូតូរួចក៏ទាញទូរស័ព្ទcallហៅបងស្រីមកទទួលយកបាយ ខណៈដែលកំពុងកាន់ទូរស័ព្ទ IPhone 6 Plus នៅនឹងដៃ ស្រាប់តែជនសង្ស័យម្នាក់ខាងលើ ដើរមកពីក្រោយ ធ្វើសកម្មភាពយកទូរស័ព្ទ រត់គេចសំដៅទៅរកម៉ូតូមួយគ្រឿងទៀត នៅរង់ចាំកែងផ្លូវម្ខាង ដែលគេសង្ស័យជាបក្ខពួក តែត្រូវប្រជាពលរដ្ឋឃើញស្រែកផ្អើលដេញចាប់ ធ្វើឲ្យ ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចទៅបាត់ សល់តែជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពឆក់ផ្ទាល់ រត់មិនរួច ពលរដ្ឋព័ទ្ធចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនិង ដកហូតបានទូរស័ព្ទមកវិញ ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ពួកគេពិតជាមានគ្នា២នាក់មែន តែម្នាក់រត់ទៅបាត់ គ្រាន់ស្គាល់មួយដំណើរទេ មិនស្គាល់ឈ្មោះឡើយ ជាអ្នកឌុបរូបគេមកធ្វើសកម្មភាពកន្លែងកើតហេតុ ។ ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការបន្ត ៕

មតិយោបល់