ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ចំណុចខាងលិចរោងយាមលេខ១៥B ចម្ងាយប្រហែល៥០០ម៉ែត្រ នៅក្នុងចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤៦-៥៤៧ លើផ្លូវជាតិលេខ៧៨A ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនចាំម៉ាក បានបុកម៉ូតូម៉ាកវ៉ែវអាល់់ហ្វា ពណ៌ត្រួយចេកចាស់ គ្មានស្លាកលេខ ដែលបើកពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ ដាំ វុទ្ធោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ការ៉ែមកី មានស្រុកកំណើតភូមិ-ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ទីលំនៅបច្ចុប្បន្នភូមិរាជានុគោល សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងរន្ធត់ ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់