ភ្នំពេញៈ ករណីហិង្សា បង្កទ្បើងដោយក្រុមសង្ស័យ ៣នាក់ ទាញដែកទីបវាយ មនុស្សប្រុសស្រីចំនួន ២នាក់ បណ្ដាលឲ្យរងរបួស ក្រោយទាស់សម្ដីគ្នាមួយប្រាវ កាលពីវេលាម៉ោង ២និង២៥នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្តុបកែងផ្លូវហានណូយនិងមហាវិថីឈ្នះឈ្នះក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានធ្វើដំណើរ ដោយរថយន្ត ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្តជនសង្ស័យ តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់ជនរងគ្រោះ បានវ៉ាមកខាងមុខរថយន្តជនសង្ស័យ ស្រាប់តែពេលដល់ចំណុចភ្លើងស្តុបមហាវិថីឈ្នះឈ្នះ កែងផ្លូវហាន់ណូយ រថយន្តជនរងគ្រោះ បានឈប់ភ្លើងស្តុប ពេលនោះរថយន្តជនសង្ស័យ បានឈប់ទន្ទឹមគ្នា ហើយក៏បានចុចកញ្ចក់ចុះ ហើយចង្អុលមុខជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ បានចុះពីរថយន្ត ដើម្បីសួរនាំ ក៏មានការទាស់ពាក្យសម្ដីគ្នា ទើបក្រុមជនសង្ស័យ ចុះពីលើរថយន្តទាញដែកទីប និងខ្សែក្រវ៉ាត់ មកវាយលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង ។
ជនសង្ស័យទី១ ឈ្មោះជា ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ទី០២ ឈ្មោះ ថន លីចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ទី០៣ ឈ្មោះ កែវ ថេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះទី០១ ឈ្មោះ ម៉ែន សុផុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិត្រពាំងប្រិយ៍ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បែកក្បាលដេរចំនួន០៥ថ្នេរ ទី០២ ឈ្មោះ គៀង សុខណាក់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិត្រពាំងប្រិយ៍ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ របួសថ្ងាសចំនួន០១កន្លែង។
វត្ថុតាងមានដកហូតដែកទីបប្រវែង០.៩តឹត ចំនួន០១ដើម ក្បាលខ្សែក្រវាត់ចំនួន០១ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ៣E ៥០០៦ចំនួន០១គ្រឿងទូរសព្ទដៃចំនួន០៣គ្រឿង។
ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់