ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សារ៉ាយ សក្ខិណា បានរឿងថ្មី បន្ថែមលើរឿងត្រូវថតសង

ភ្នំពេញ: ក្នុងដំណើរចុះមកកាន់ប្រទេសកម្ពុជាលើកនេះ អ្នកនាង សារ៉ាយ សក្ខណា គ្រាន់តែមានបំណងបីកូនមកថតរឿង «ក្រមុំកូន១» សងឲ្យផលិតកម្ម Red Picture ដែលអ្នកនាងបានថតមិនទាន់ចប់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមានបំណងចង់បើកហាងកែសម្ផស្សផង និងចង់បានថត១រឿង២រឿងអីថែមផង ក៏សម្រេចចិត្តដំអក់ដល់២ឬ៣ខែ។ អ្វីដែលគួរឲ្យកោតសរសើរនោះ គឺអ្នកនាងទើបតែបានចុះកុងត្រាថ្មីមួយ បន្ថែមពីលើរឿង «ក្រមុំកូន១» ដែលត្រូវថតសង ដែលអាចនិយាយបានថា ទីផ្សាររត់រកតែម្ដង គ្រប់ពេលបង្ហាញមុខនៅកម្ពុជា។

សារ៉ាយ សក្ខណា បានប្រាប់ Post news ថា រឿងថ្មី ដែលអ្នកនាងទទួលបាននោះ ទើបតែក្រុងពាលី និងចេញថតកាលពីថ្ងៃអាទិត្យ ទី១២ មិថុនា ប៉ុណ្ណោះ តែរឿងនោះផលិតករមិនទាន់អនុញ្ញាតឲ្យបញ្ចេញចំណងជើងនៅឡើយទេ។ នៅក្នុងខ្សែរឿងនោះ អ្នកនាងត្រូវគេឲ្យដើរតួជាខ្មោចស្រីស្អាត និងក្រមិចក្រមើម ហើយអ្នកមេម៉ាយ សុខ សោម៉ាវត្តី គឺសម្ដែងជាតួឡិកឡក់តាំងពីដើមរហូតដល់ចប់។ អ្នកនាងនិយាយថា ខ្លួន និងសុខ សោម៉ាវត្តី គឺជាតួឯកដូចគ្នា ហើយនេះក៏ជាលើកទី១ សម្រាប់រឿងដុំ ដែលអ្នកនាងទទួលបានតំណែងតួឯកក្នុងរឿងប៉ះជាមួយនិង សុខ សោម៉ាវត្តី ដែលសុទ្ធតែជាតួក្រមិចក្រមើមគ្មាន២ដូចគ្នា។

អ្នកនាងថា ខ្លួនមកលើកនេះ និងសម្រេចឲ្យបានផែនការ៣ គឺទី១ ចាត់ចែងបើកហាងកែសម្ផស្សតាមការគ្រោងទុក ទី២ ថតរឿងសងឲ្យផលិតកម្ម Red Picture និងទី៣ នឹងទទួលថតរឿងថ្មី ដែលទើបក្រុងពាលីឲ្យបានចប់សព្វគ្រប់។ អ៊ីចឹងហើយទើបអ្នកនាងសុខចិត្តចុះយន្តហោះមកវិញ ក្នុងពេលដែលទើបតែឡើងទៅដល់អាមេរិកកាលពីចុងខែមេសា។

អ្នកនាងថា ខ្លួននឹងទទួលបានមួយរឿងបន្ថែមទៀត ប្រសិនបើរឿងនោះតម្រូវឲ្យអ្នកនាងថតតែក្នុងរយ:ពេលខ្លី ហើយមិនប៉ះពាល់ជាមួយនឹងការថតរឿង «ក្រមុំកូន១» និងរឿងថ្មីដែលទើបក្រុងពាលី៕

មតិយោបល់