ព័ត៌មានជាតិ

ដើរ​​រើស​អេ​ត​ចាយ​ អត់​ងងុយពេក​ ​ដេក​​លើ​ផ្លូវ​រថភ្លើង​ បណ្តាលអោយរថភ្លើង​កិន​​ ស្លាប់​១​នាក់​ របួសធ្ងន់​១​នាក់

​ពោធិ៍សាត់​ ៖​ ក្មេង​ស្រី​អាយុ​១៣​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ក្មេង​ប្រុស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​​រថភ្លើង​កិន​ ខណៈ​ពួក​គេ​កំពុង​ដេក​លក់​នៅ​លើ​ផ្លូវ​រថភ្លើង​ ស្ថិត​ក្នុង​ចំណុច​ខាងកើត​ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ ចំងាយ​១៥០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​ដែល​មាន​រថភ្លើង​ឆ្លងកាត់​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៤​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​លើ​ផ្លូវ​រថភ្លើង​នៅ​ចំណុច​កើតហេតុ​ខាងលើ​ មាន​រថភ្លើង​មួយ​ខ្សែ​បាន​ ធ្វើ​ចរាច​ណ៍​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឮដំណឹង​មាន​មនុស្ស​ត្រូវ​រថភ្លើង​កិន​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ស្រី​ ពីរ​នាក់​ស្លាប់​និង​របួសធ្ងន់​ ។​

​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ នៅ​កន្លែង​កើតហេតុ​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិត​ត្រូវ​រថភ្លើង​កិន​ប្រាកដ​មែន​ ដោយ​ជន​រង​គ្រោះ​ម្នាក់​ភេទ​ស្រី​ដែល​ដេក​កើយ​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​រថភ្លើង​កិន​ ចំ​ក​និង​ក្បាល​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ភេទ​ប្រុស​ ត្រូវ​រថភ្លើង​កិន​បណ្តាល​ឲ្យ​ រង​របួស​ដាច់​ម្រាមដៃ​ខាងឆ្វេង​ និង​របួស​ក្បាល​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ គឺ​បណ្តាល​មក​ពី​ពួក​គេ​ ដើរ​ស្វែងរក​រើស​អេ​ត​ចាយ​ លុះដល់​យប់​ជ្រៅ​ងងុយដេក​ ក៏​នាំ​បងប្អូន​ដេក​កើយ​លើ​ផ្លូវ​រថភ្លើង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ទី​១​ឈ្មោះ​ ញ៉ា​ញ់​ អិត​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ទី​២​ ឈ្មោះ​ញ៉ា​ញ់​ ញៀន​ ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​ រង​របួស​ដាច់​ម្រាមដៃ​ខាងឆ្វេង​ និង​រង​របួស​ក្បាល​ បញ្ជូន​ទៅ​ព្យាបាល​នៅ​ណ្ឌុ​ល​សុខភាព​ឈើ​តុំ​ ជន​រង​គ្រោះ​ទាំង​០២​នាក់​ មាន​ទីលំនៅ​ភូមិ​ចាម​ចាស់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

បច្ចុប្បន្ន​ សព​ក្មេង​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

 

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់