ព័ត៌មានជាតិ

ខឹងសុំប្រពន្ធរួមរ័ក្សមិនបានដុតផ្ទះឆេះម៉ត់ម៉ង

កំពត: ដោយសារតែភ្លើងតុណ្ហាពុះកញ្ជ្រោលខ្លាំងពេក ធ្វើឲ្យបុរសម្នាក់ ទប់អារម្មណ៍មិនបានក៏សុំប្រពន្ធរួមរ័ក្សជាមួយតែប្រពន្ធមិនព្រមដោយប្រាប់ថា មិនស្រួលខ្លួន ព្រោះតែខឹងប្តីមានស្រីក្រៅច្រើន ហើយបុរសជាប្តីសុំដេកម្តងជាពីរដងប្រពន្ធមិនព្រម ក៏ធ្វើឲ្យបុរសនោះ កើតក្ដីមួរម៉ៅខឹងប្រពន្ធយ៉ាងខ្លាំងរហូតដល់ថ្នាក់ដុតផ្ទះខ្លួនឯងឆេះម៉ត់តែម្តង។ មន្ត្រីនគរបាលបានឲ្យ Post News ដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៣០នាទី ទៀបភ្លឺឆ្លងចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

មន្ត្រីនគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា បុរសដែលដុតផ្ទះខ្លួនឯង ព្រោះតែខឹងសុំប្រពន្ធរួមរ័ក្សមិនបាននេះ មានឈ្មោះ ណី ង៉ោល អាយុ៣៤ឆ្នាំ រស់នៅកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ ងិន ត្រួក អាយុ៣៤ឆ្នាំ។ ចំណែកផ្ទះដែលត្រូវប្តីដុតឆេះម៉ត់នោះ មានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ដំបូលស្លឹកជញ្ជាំងស្លឹកសរសរធ្វើពីឈើ និងឫស្សី រួមនឹងរបស់របរមានខោអាវ ភួយ ខ្នើយ និងកន្ទេលដេកប៉ុណ្ណោះ ពុំមានទ្រព្យអ្វីធំដុំទេ ព្រោះគ្រួសារនេះ ជាគ្រួសារក្រីក្រជាងគេនៅក្នុងភូមិ។

នគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា បុរសជាប្តី ជាមនុស្សមានស្រីក្រៅច្រើន មិនសូវចូលផ្ទះទេ ផ្ទះដែលឆេះនេះជាផ្ទះធ្វើទុកចោលម្ចាស់ពុំសូវនៅផ្ទះទេ ហើយនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ប្តីប្រពន្ធទាំង២នាក់ បាននាំគ្នាមកប៉ុស្តិ៍នគរបាល ដើម្បីសុំលែងលះគ្នា ប៉ុន្តែខណ:ដែលធ្វើដំណើរជិតដល់ប៉ុស្តិ៍ទៅហើយ ស្រាប់តែបុរសជាប្តីបានប្រែចិត្ត ហើយរត់គេចខ្លួនបាត់ នៅសល់តែប្រពន្ធទៅដាក់ពាក្យបណ្ដឹងសុំលែងលះប្តីតែម្នាក់ឯង ដោយចោទប្រកាន់ថា ប្តីទៅមានស្រីថ្មីមិនចូលផ្ទះ ហើយថែមទាំងដុតផ្ទះចោលទៀត។

ក្រោយកើតហេតុ បុរសជាប្តីនោះ បានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង៕

មតិយោបល់