ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

បាត់ដំបង: បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតបាននូវថ្នាំញៀនមួយចំនួន រួមនឹង កាំបិត កាំភ្លើងខ្យល់ និងដាវសាំម៉ូរ៉ៃជាច្រើន ដើម។

សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា រយ:ពេលពីរថ្ងៃ គឺនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តាក់ ចាន់ថា ហៅព្រើត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅត្រង់ចំណុច ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួនមួយកូនថង់ ដែលស្មើនឹងទម្ងន់ ០,៧១ក្រាម ។

ជំហានទីពីរនេះ គឺនៅវេលាម៉ោង ១០ និង៥០នាទីព្រឹក សមត្ថកិច្ចបានចុះទៅកាន់ចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ដោយបានឃាត់ខ្លួនមុខសញ្ញាចែកចាយ ម្នាក់បន្ថែមទៀត ដែលជននេះមានឈ្មោះ សេង សុខាល័យ ភេទប្រុស អាយុ៣២ឆ្នាំ ព្រមទាំងបានដកហូតនូវសារធាតុញៀនប្រភេទម៉ាទឹកកកចំនួនមួយថង់តូច ស្មើនឹងទម្ងន់៤ក្រាម ឧបករណ៍ប្រើប្រាស់ និងទុកសម្រាប់វេចខ្ចប់មួយចំនួន ដាវសាំម៉ូរ៉ៃ ចំនួន៣ដើម កាំបិតវែង១ដើម ដែកចំពុះទុងកាំភ្លើង១ដើម កាំភ្លើងខ្យល់ច្នៃបាញ់គ្រាប់កង់ចំនួន១ដើម និងទូរស័ព្ទដៃមួយគ្រឿង។

ក្រោយពីបានដកហូតវត្ថុតាង ព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់ រួចមកកម្លាំងការិយាល័យជំនាញបាន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនទាំងនេះទៅកាន់តុលាការ ចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់