ព័ត៌មានជាតិ

ការនាំ​ចេញ​តៃវ៉ាន់​កើន​ឡើង​ក្នុង​ខែ​សីហា​

​ការនាំ​ចេញ​តៃវ៉ាន់ បាន​កើនឡើង ៣,៦​ភាគរយ​នៅក្នុង​ខែ​សីហា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ ដែល​មាន​ទឹកប្រាក់រ​ហូ​តដល់​ចំនួន ២៥,៦៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​យោង​តាម​រដ្ឋាភិបាល​តៃវ៉ាន់ បាន​ឲ្យដឹង​កាលពី​ដើម​សប្ដាហ៍ កំណើន​នេះ​ទទួលបាន​ដោយសារ​តម្រូវការ​គីមី​ឥន្ធនៈ និង​ផលិតផល​អេឡិចត្រូនិក​នៅ​ប្រទេស​ចិន​បាន​កើនឡើង​។​

​ក្រសួង​ហិរញ្ញវត្ថុ​តៃវ៉ាន់ បានឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការនាំ​ចេញ​ទៅ​កាន់​ប្រទេស ចិន ដែល​ជា​ទីផ្សារ​បរទេស​ធំ​របស់​តៃវ៉ាន់ រួម​ទាំង​ការនាំ​ចេញ​ទៅ​ទីក្រុង​ហុងកុង ដែរនោះ មាន​ទំហំ​ជា​ទឹកប្រាក់​សរុប ១០,៣ ពាន់​លាន​ដុល្លារ​ដុល្លា​រអា​មេ​រិ ពោល​គឺ​កើនឡើង ២,៩ ភាគរយ​កាលពី​ខែ​សីហា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ក្រសួង​ហិរញ្ញវត្ថុ បាន​បន្ត​ឲ្យដឹង​ទៀតថា ការនាំ​ចេញ​គីមី​ឥន្ធនៈ​ទៅកាន់​ប្រទេស​ចិន បាន​កើនឡើង ២៨,១ ភាគរយ​នៅ​ខែ​សីហា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ចំណែកឯ​ការលក់​ផលិតផល​អេឡិចត្រូនិក​ទៅ​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ ទី​ពីរ​ក្នុង​ពិភពលោក​នេះ​បាន​កើនឡើង ៨,៦ ភាគរយ​។​

​ការនាំ​ចេញ​ទៅ អាមេរិក​បាន​កើនឡើង ០,៩ ភាគរយ​នៅ​ខែ​សីហា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្រប​ពេល​ការនាំ​ចេញ​ទៅ​តំបន់​អឺរ៉ុប​បាន​កើនឡើង​៤​ភាគរយ ហើយ​ការនាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើនឡើង​២,៩​ភាគរយ​។​

​កាលពី​ខែ​មុននេះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ២០១៣ របស់​ខ្លួន​មក​នៅត្រឹម ២,៣១​ភាគរយ​វិញ ដោយ​លើកឡើង​ពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​សក​ល​ទាប និង​ការធ្លាក់ចុះ​ផ្នែក​នាំចេញ និង​ការចំណាយ​អតិថិជន​នៅ​ឆមាស​ទី​ពីរ​នេះ​៕

taiwan

មតិយោបល់