ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនមុខស្រស់២នាក់មានគ្រឿងញៀនជាប់ខ្លួន និងបុរសម្នាក់ទៀតបង្កហិង្សាក្នុងគ្រួសារ!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ នាំជនសង្ស័យយកមកសាកសួរ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏ឃើញយុវជន២នាក់ទៀត គួរឲ្យសង្ស័យកម្លាំងសមត្ថកិច្ចដដែលនោះក៏ឃាត់ធ្វើការឆែកឆេហើយឃើញមានគ្រឿងញៀន២កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជនសង្ស័យទី១ដែលប្រើប្រាស់អំពើហិង្សាឈ្មោះ ក្តាម អាយុ២៦ឆ្នាំ មុខរបរធ្វើនៅរោងចក្រទឹកសុទ្ធ ទីលំនៅមិនពិតប្រាកដ , ជនសង្ស័យទី២ប្រើប្រាស់គ្រឿងញៀន ឈ្មោះ ហ៊ាង ម៉េងហុយ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជនសង្ស័យទី៣ប្រើប្រាស់គ្រឿងញៀន ឈ្មោះ ចាន់ រាជ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

តាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតតាមមូលដ្ឋានបានទទួលព័ត៌មានពីជនរងគ្រោះដែលត្រូវជាបងថ្លៃថាមានអំពើហិង្សានៅម្តុំរោងចក្រផលិតទឹកសុទ្ធជិតសង្កាត់ព្រែកប្រាហើយកម្លាំងរបស់គាត់ក៏បានចាប់ខ្លួនជនបង្កយកមកប៉ុស្ដិ៍ដើម្បីសួរនាំ លុះមកដល់ពាក់កណ្ដាលផ្លូវ ក៏ឃើញយុវជន២នាក់ទៀតគួរឲ្យសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរឃើញមានគ្រឿងញៀន២កញ្ចប់តូច ក៏យកជនសង្ស័យទាំង៣មកប៉ុស្តិ៍សួរនាំធ្វើកំណត់ហេតុដើម្បីបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីបញ្ជូនបន្តទៅតុលាការកាត់ទោសតាមនិតីវិធីច្បាប់៕

មតិយោបល់