សៀមរាមៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2AI-2259 សង្ស័យងងុយដេក បានបើកបុកបង្គោលគីឡូម៉ែត្រខ្ទេចមួយកំណាត់ខាងមុខយ៉ាងដំណំតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ឡិចស៊ីស GX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2259 រួមដំណើរក្នុងរថយន្តដោយបុរស២នាក់ បើកក្នុងទិសដៅកើតទៅលិច លុះដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ក៏ជ្រុលចង្កូតទៅបុកបង្គោលគីឡូម៉ែត្រដែលនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់ខាងមុខតែម្តង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហើយក្រោយកើតហេតុ ខាងភាគីរថយន្តបង្ក បានចូលខ្លួនដោះស្រាយសងសំណងទៅឲ្យខាងក្រសួងសាធារណៈការ ដើម្បីបញ្ចប់រឿងផងដែរ៕




មតិយោបល់