ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ រួមនឹងថ្នាំញៀន៥កញ្ចប់

កណ្តាល: កម្លាំងនគរបាលប៉ុស្តិ៍គគីរបង្ក្រាបមុខសញ្ញាញៀនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់តូច រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នគរបាលប៉ុស្តិ៍គគីរបានឲ្យដឹងថា វេលាម៉ោង០២នឹង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៦ សមត្ថកិច្ចល្បាតប៉ុស្ដិ៍សហការជាមួយប្រជាការពារភូមិ ចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែមកដល់ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាពេលយប់អធ្រាត្រ ដោយមានការសង្ស័យ កម្លាំងនគរបាលបានហៅសួរនាំតែក្រុមជនសង្ស័យ ផ្តួលម៉ូតូរត់គេចខ្លួន ហើយកម្លាំងស្ទាក់ចាប់បានម្នាក់ ឈ្មោះ វណ្ណី ណារ៉ុត ហៅប៊ី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ដកហូតបានវត្ថុតាងថ្នាំញៀន៥កញ្ចប់តូច ។ ចំណែក២នាក់ទៀតរត់គេចខ្លួន។

ក្នុងចំណោមដែលរត់គេចខ្លួន សមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយទី១.ឈ្មោះ ឡុង ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ (វៀតណាម) មានទីលំនៅភូមិពពាកខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយនិង ទី២.ឈ្មោះ ដេត ភេទប្រុស អាយុ១៨ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិស្ដៅកន្លែង.ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវនគរបាលប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់